និយមន័យរូបវិទ្យា

រូបវិទ្យា មានន័យដោយត្រង់ថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុនិងចលនារបស់វា។ រូបវិទ្យា​ជា​វិទ្យាសាស្ត្រ​សិក្សាទាក់ទងនឹង កំលាំង ថាមពល ម៉ាស់ និង បន្ទុកអគ្គិសនី ជាដើម។ និយាយអោយទូលំទូលាយជាងនេះទៀត រូបវិទ្យា​ជាការវិភាគវែកញែកពី​ធម្មជាតិ​ ដើម្បីបកស្រាយពន្យល់ពី​បាតុភូត​ជុំវិញខ្លួនយើង​និង​កត្តាដែលបង្កវា។

រូបវិទ្យា​ជា​មុខវិជ្ជាសិក្សា​ដ៏ចំនាស់ជាងគេ បើយើងគិតពី​តារាវិទ្យា ដែលជាផ្នែកមួយរបស់រូបវិទ្យាដែរនោះ។ រូបវិទ្យា​មិនអាចចែក​និយមន័យ​អោយបានច្បាស់ពី​មុខវិទ្យាវិទ្យាសាស្ត្រ​ផ្សេងទៀត​ដូចជា ទស្សនវិជ្ជា គីមីវិទ្យា គណិតវិទ្យា និង ជីវវិទ្យា បានទេ រហូតដល់ស.វទី១៦ ដែលជាពេលដែល​រូបវិទ្យា​ក្លាយជា​វិទ្យាសាស្ត្រទំនើប និងចែកផ្ដាច់ពី​មុខវិជ្ជា​ទាំងអម្បាលមាននោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែមានការលំបាក​ក្នុងការកំនត់​ព្រំដែន​រវាង​មុខវិជ្ជា​ទាំងនោះអោយបាន​ ច្បាស់លាស់ដាច់ខាត។
រូបវិទ្យា​ត្រូវបានគេចាត់ទុកជា​មុខវិជា្ជ​សំខាន់។ រូបវិទ្យាថ្នាក់ខ្ពស់​​ត្រូវបានបែកខ្នែងចូលក្នុងផ្នែក​បច្ចេកវិទ្យា និងជួនកាលទៀតច្រលូកច្រលំចូលជាមួយ​គណិតវិទ្យា​​និង​ទស្សនវិជ្ជា​។ តួយ៉ាង ការយល់ដឹងថ្នាក់ខ្ពស់អំពីអេឡិចត្រូម៉ាញ៉េទិច នាំអោយគេអាចបង្កើតនិងប្រើប្រាស់​ឧបករណ៍អគ្គីសនី(ទូរទស្សន៍ កុំព្យូទ័រ បរិក្ខារអគ្គីសនីតាមផ្ទះ -ល-) ,ហើយ មេកានិចថ្នាក់ខ្ពស់នាំទៅដល់​ការអភិវឌ្ឍន៍គណិតវិទ្យាវិភាគ គីមីកង់ទិច និងការប្រើប្រាស់​ឧបករណ៍​ដូចជា មីក្រូទស្សន៍អេឡិចត្រុង ក្នុង មីក្រូជីវវិទ្យា។
សព្វថ្ងៃ រូបវិទ្យា​ជាមុខវិជ្ជា​បែកមែកសាខាទូលំទូលាយ និងចែកចេញជាច្រើនផ្នែកតូចៗ។ លើសពីនេះទៅទៀត គេអាចចែកវាជា២សាខាគំនិតគឺ រូបវិទ្យាទ្រឹស្ដី (ទាក់ទិននឹងការបង្កើត​ទ្រឹស្ដី​ថ្មី) និង រូបវិទ្យាពិសោធ (ទាក់ទិននិង​ការពិសោធន៍​ទ្រឹស្ដី​ថ្មីនិងចាស់)។ ទោះបីជារបកគំឃើញសំខាន់ៗមួយចំនួនធំ​ត្រូវបានគេរកឃើញ​ ក្នុង៤សតវត្សរ៍ចុងក្រោយនេះក៏ដោយ ចំងល់ពី​ធម្មជាតិ​ជាច្រើនទៀតនៅតែមិនទាន់មាន​ចំលើយ​ជាហេតុធ្វើអោយ​រូបវិទ្យា​ នៅតែជា​មុខវិជ្ជា​មានភាពរស់រវើក។

Related Posts Plugin for WordPress, Blogger...